Social Icons

រឿងកាកី

៣ -ល្បិចស្នេហ៍
     ស្នេហា ទឹកឃ្មុំផ្អែមត្រជាក់​ សន្ដំអោយ កាកីនិងស្ដេចគ្រុឌលង់​លក់​នៅលើតេនសយនា រហូតដល់អរុណរះ​។​ ស្ដេចគ្រុឌភ្ញាញ់ពីព្រលឹម ដឹក ​ដៃកាកីដើរកំសាន្ដទីនានា នៃក្រុង​សម្ពលី។ នៅជាយក្រុង មានដងស្ទឹងមួយហូរកាត់​ព្រៃល្បោះ ទៅកាន់ព្រៃជ្រៅមើល​ដាចកន្ទុយភ្នែក។ មិន ​ឆ្ងាយប៉ុន្មាន គឺជាគិរីសុមេរុដ៏ស្កឹមស្កៃគួរ​ស្ងប់ស្ងែងក្រៃលែង​ នៅលើកំពូល មានវិហារ​មួយខ្ពស់ស្រួចឡើងទៅលើ មានពន្លឺរង្សី​ចញ្ចាចចញ្ចែង ចាំងសន្ធោសន្ធៅ​ដាំអមដោយត្បូងទទឹមក្រហមឆ្អិន​ឆ្អៅ ចាំងឆ្លុះនឹងថ្មនិល ភ្លឺផ្លេកៗ។ ​សងខាង គឺសួនច្បារខ្វាត់​ខ្វែង មានផ្កាក្រហម ស ខៀវ លឿង​ រីកស្គុះស្គាយ។ ទេសភាព​ខៀវស្រងាត់។ រុក្ខាឈើព្រៃ មានដើម​ឈើតូចធំ យ៉ាងត្រសុំត្រសាយ មានម្លប់ត្រឈឹងត្រ​ឈៃ
គួរទីសប្បាយ ដល់ពួកហ្វូងសព្វសត្វទាំងឡាយ។ ខាងនោះទឹកធ្លាក់ហូរចុះតាមស្ទឹង វេនវង់ ដូចជាសត្វពស់ដ៏ធំអស្ចារ្យមួយកំពុងវារលូន ទៅកាន់ដែនសមុទ្រ ពណ៌ខៀវជាប់ជើងមេឃ។ ក្នុងទឹកមានហ្វូងមច្ឆាតូចធំ ហែលប្រដេញគ្នា លេងយ៉ាងសប្បាយ ខ្លះហែលហោះបោះពួយរកចឹកចំណី ធ្វើអោយ ទឹករលកបែកខ្ចាយ គួរគយគន់សប្បាយក្រៃលែង។ ស្ដេចគ្រុឌឈរសំលឹងទៅទីឆ្ងាយហើយងាកមកសួរកាកីថា៖
  1. - អូនចូលចិត្ដទីនេះទេ?
  2. - ព្រះពរ..អូនរំភើបចិត្ដខ្លាំងណាស់
  3. - កន្លែងដែលបងនាំអូនទៅរំភើបជានេះទៅទៀត
  4. - ពិតមែនឬអី? ព្រះអង្គជាអ្នកដំបូងហើយដែលយល់ពីចិត្ដខ្ញុំ
  5. - តែគួអោយស្ដាយដែលអូនមានម្ចាស់បេះដូងទៅហើយ ខ្ញុំគួរតែជួបអូនអោយបានលឿនជានេះបន្ដិច
  6. កាកីហាក់ស្ដាប់មិនទាន់ ងាកមុខចងចញ្ចើមសួរដោយឆ្ងល់ថា៖
  7. - ថាម៉េច?
  8. ស្ដេចអេះអុញ ឆ្លើយពង្វាវ
  9. - គឺ..គឺ.. គឺ.. កន្លែងដែលខ្ញុំនាំទៅប្រាកដជារំភើប។
  10. ដំណើរកំសាន្ដចេះតែបន្ដទៅសន្សឹមៗទៅ គូស្នេហាទាំងពីរហាក់រក្សាភាពស្ងប់ស្ងាត់រៀងខ្លួន។ កាកីញញឹម ពោលយ៉ាងភ្ញាក់អារម្មណ៍ ថា៖
  11. - អូហូ.. ទីនេះពិតជាស្អាតមែន..
  12. - ទីនេះហៅថា ស្រះស្រង់
  13. - នេះយើងចូលតាមល្អាងដែលមានភ្នំពីរជាប់គ្នាមកឬ?
  14. - បាទយើងមកទាន់ពេលទឹកមិនទាន់ឡើង ព្រោះបើទឹកឡើងពេញទំហឹង វានឹងបិទមាត់ល្អាងជិត ហើយបើមើលមកពីខាងក្រៅក៏មិន ដឹងថា ទីនេះមានកន្លែងស្អាត លាក់បំពួនដែរ។
  15. -អើ ចុះល្អាងខាងណោះ មានអ្វីដែរ?
  16. -ឱ!.. ល្អាងហ្នឹងជាផ្លូវទំលុះទៅកោះតូចមួយ បើយើងឆ្លងល្អាងចូលទៅ យើងនឹងឃើញស្ពានឈើ ក្រងចងលើខ្សែទុកឆ្លង មើលទៅ មិនគួរអោយខ្លាច។
  17. - យើងឆ្លងទៅយ៉ាងម៉េចបាន?
  18. - យើងត្រូវហែលទឹកឆ្លងទៅ
  19. -អឺ!.. អើ..មកខ្ញុំចង់ហែលទឹក
  20. ថារួចកាកីក៏ទាញដៃស្ដេចគ្រុឌលោតចូលទៅក្នុង។ ទឹករលកបែកខ្ចាយគួរសប្បាយក្រៃលែង។ ល្ងាចទន់ទាប ទើបស្ដេចគ្រុឌព នាង កាកីត្រលប់ទៅក្រុងសិម្ពលីវិញ...។
***************************
     ប្រាំពីរថ្ងៃបានកន្លងផុតទៅ... គឺពេលវេលាដែលគ្រុឌកំណត់ ត្រូវចូលលេងបាស្ការ ជាមួយព្រះបាទព្រហ្មទត្ដម្ខងទៀត គ្រុឌរិះរេគិតក្នុងចិត្ដថា បើអញមិនទៅលេងបាស្ការ នឹង ព្រះបាទព្រហ្មទត្ដទេ គេមុខជាគិតថា អញលួចចាប់យកនាងកាកីមកមិនខានឡើយ ហើយម្យ៉ាងទៀតអញមិន អាចក្បត់ពាក្យសច្ចៈបានទេ គិតដូច្នេះហើយ ទើបស្ដេចគ្រុឌចូលទៅនិយាយលួងលោមកែវកាកីថា៖
  1. - ដល់ពេលកំណត់ ៧ថ្ងៃដែលបងត្រូវទៅលេងបាស្ការ ជាមួយព្រះបាទព្រហ្មទត្ដទៀតហើយ អូននៅទីនេះសិនចុះ លេងបាស្ការចប់ រសៀលល្ងាចទន់ទាប បងនឹងមកជួបអូនវិញជាមិនខាន។
    កាកីស្ដាប់គ្រុឌហើយអាក់អួលក្នុងដួងចិត្ដ បែរមុខចេញ មិនចេញស្ដី
  2. និ..នេះ..នាងយំឬអី?
  3. - ព្រះពរ!.. មិនដឹងទេ
  4. - ឬមួយ..នឹកផ្ទះ?
  5. - អត់ទេ
  6. - មិនបាននឹកផ្ទះ..
  7. បុរសខិតចូលជិតឈ្ងោកសំលឹងមុខសួរបញ្ជាក់
  8. - នឹកប្ដីឬ?
  9. - នេះនែ... នារីលើកដៃទះកំភ្លៀងយ៉ាងអស់ទំហឹង ហើយនិយាយគំហកបន្ដ
  10. - ឆ្កួតទេអី!.. ឆ្កួទេឬអី?.. អ្នកណាជាប្ដីខ្ញុំនោះ នាងសំដែងអការច្រលោត ស្ទុះក្រោកដើរទៅ
  11. គ្រុឌក្រោកឈរ យកដៃជូតមាត់ហើយពោល
  12. - នាងខឹងឬអី?..។ តែខ្ញុំមិនឈឺទេ
  13. - អញ្ចឺងថែមម្ដងទៀតល្អទេ
  14. នាងនិយាយទាំងលើកដៃជ្រ លវៃទៀត
  15. គ្រុឌគ្រវីក្បាលឆ្លើយ
  16. -កុំអីល្អជាង
  17. កាកីគេចចេញទៅ ដៃម្ខាងអោបចង្កេះ ដៃម្ខាងលើកបញ្ឈរត្រឹមមាត់បន្លឺវាចាដោយមួយៗថា៖
  18. - ម្ដេចក៏ព្រះអង្គចង់យាងចោលខ្ញុំ អោយនៅម្នាក់ឯងដូច្នេះ...? ខ្ញុំខ្លាចណាស់ ខ្លាចខ្មោចព្រាចបិសាច ខ្លាចយក្សសាមាន្យ មកប៉ង ព្យាបាទលើរូបខ្ញុំ ខ្ញុំជាស្រីទន់ខ្សោយ គ្មានរិទ្ធអំណាចអ្វីតតាំងនឹងគេបានឡើយ។
  19. គ្រុឌងាកមុខចេញ សំលឹងទៅទីឆ្ងាយ និយាយដោយសំលេងតិចៗថា។
  20. - បើបងមិនទៅលេងបាស្ការជួបនឹងព្រះមហាក្សត្រពេលនេះទេ ម៉្លេះសមគេគិតថា បងនេះបានលបលួចយកអូនមកមិនខាន។ អូន កាកីកុំសោការអី បងទៅមិនយូរឡើយ ពេលរសៀលទន់ទេរ បងនឹងមករកអូនវិញជាមិនខាន ម្យ៉ាងមួយទៀត ពេលបងចេញទៅ បង នឹងសេកមន្ដវិជ្ជាការចងទ្វារប្រាសាទ ពុំមានខ្មោចព្រាយបិសាច ឬយក្ស ឯណាអាចស្រាយទ្វារ ចូលមកយាយីអូនបានឡើយ។
     ស្ដេចគ្រុឌ អោបនាងពីក្រោយ ផ្ទប់ក្នុងឱរាយ៉ាងណែន ឱនថើបផែនថ្ពល់រលោងដូចផ្កាទាំងគូរបស់នាង ស្រូបលំអងក្រអូបប្រហើររួច លើកត្រកងបីនាងថ្នមៗ ដាក់លើក្រលាបន្ទំ ហើយចេញមកសេកមន្ដចងទ្វារចប់សព្វគ្រប់ ទើបស្ដេចគ្រុឌហោះ រំលងគីរីជលទៅកាន់នគរ ពារាណសី ប្រាណប្រែក្រលាជារូបមាណពដូចសព្វដង ហើយក៏ប្រញាប់ដើរចូលទៅក្នុងរាជវាំងនៃព្រះបាទព្រហ្មទត្ដ។ ព្រះមហាក្សត្រទ្រង់ទត យល់ចៅមាណពមកដល់ ព្រះអង្គទ្រង់ឆួលព្រះរាជហរិទ័យក្រោធខឹងណាស់ តែខំរំងាប់ ធ្វើហាក់ដូចជាមិនដឹងហេតុសេចក្ដីអ្វីកើតឡើងឡើយ ព្រះអង្គទ្រង់បានបញ្ជាអោយពលអាមាត្យរៀបចំក្ដារបាស្ការ ដើម្បីលេងជាមួយមាណពជាធម្មតា កំលោះគ្រុឌ ហាក់ដូចអិមអៀនរអៀសក្នុង ចិត្ដខ្លះដែរ តែខំសំងំលេងធ្វើជាមិនដឹងរឿងអ្វី រហូតរសៀលទន់ទេ ទើបថ្វាយបង្គំលាព្រះអង្គវិលលំនៅស្ថានខ្លួនវិញ។
     ដូចសព្វដង មកដល់ដើមជ្រៃ ចៅមាណពក៏សេកមន្ដវិជ្ជាការប្រែក្រលាជាគ្រុឌវិញ។ គន្ធាន់ដែលបតាមស្ដេចគ្រុឌរហូតមក បានឃើញ ហេតុការណ៍ដូច្នេះហើយ ក៏ប្រែក្រលាជាសត្វស្រមើលតូចមួយ លោតទៅទុំលើរោមគ្រុឌភ្លាម។ ស្ដេចគ្រុឌឥតនឹកខ្វល់ខ្វាយអ្វីឡើយ ឥតនឹក ឃើញដល់សេចក្ដីទុក្ខសោក ដែលដូចស្រមោលអន្ទោលតាមប្រាណ ហើយទាញយិតសព្វសត្វលោកគ្រប់ៗគ្នាអោយធ្លាក់ក្នុងក្ដីវិនាសសោក សៅសោះឡើយ។ ឱ!.: គួរអោយស្រងេះស្រងោចដល់ជីវិតសត្វលោកមែនទែន នរណាៗ ក៏ដឹងខ្លួនដែរ ថាដល់ថ្ងៃណាមួយនឹងក្លាយទៅជា ខ្មោចមិនខាន។ ដើម្បីលួងលោមសេចក្ដីតក់ស្លុតនេះ មនុស្សខំធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីបំភ្លេចសេចក្ដីស្លាប់ ដូចជាខំស្វែងរកលុយកាក់ មាស ប្រាក់ទ្រព្យសម្បត្ដិផ្សេងៗ ហើយជាពិសេសគឺស្វែងរកស្នេហានេះឯង ព្រោះថារឿងស្នេហា អាចបន្លំដួងចិត្ដ អោបគ្នាឡើងស្ថានសួគ៌ ដែលជា ស្ថានសុខ ផុតទុក្ខផុតកង្វល់ ភ្លេចមរណៈយ៉ាងនេះឯង។ ស្ដេចគ្រុឌក៏ហោះបោះពួយទៅកាន់ក្រុងសិម្ពលីវិញ។ បើកទ្វារប្រាសាទចូលទៅជួបកែវ កាកី ប្រលោមប្រលែងកៀកកើយ អោបស្និតស្នេហាក្សេមក្សាន្ដ ឥតមាននឹកខ្វល់អំពលក្នុងចិត្ដទៀតឡើយ...។
     សន្សើមព្រឹកព្រហាម ធ្លាក់ស្រោចស្រប់ជោកលើរុក្ខជាតិនានា ដែលកំពុងមានត្រួយលាស់ខៀវខ្ចី។ ទឹកធ្លាក់ពីលើកំពូលភ្នំហូរ ទៅកាន់ដែន សមុទ្រ ហាក់មិនចេះខ្ជិលឈប់មួយវិនាទី។ បក្សាបក្សីហិចហើរឆ្វែលឆ្វាត់ ស្រែកច្រៀងទទួលស្វាគមន៍ពន្លឺព្រះអាទិត្យយ៉ាងខ្ញៀវខ្ញា។ គ្រុឌភ្ញាក់ ពីក្រលាបន្ទំ ដ៏ងុយងោកក្នុងសេចក្ដីស្នេហាដ៏ផ្អែមត្រជាក់ ហាក់មិនឆ្អែតឆ្អន់អស់ចិត្ដនៅឡើយ។ គ្រុឌអោនថើបផែនថ្ពល់កាកីនារីកំពូកចិត្ដ កាកី នៅស្ងៀមសំលឹងទៅឆ្ងាយ នាងពោលដោយថ្នមៗថា៖
  1. - យើងអស់អាហារបរិភោគហើយ
  2. - កុំព្រួយអី!.. ផលានុផលក្នុងព្រៃមានច្រើនអនេក បងនឹងចេញរកបេះឥឡូវនេះ
  3. កាកីផ្ដេកសិរសាកើយទ្រូងប្ដី ពោលស្មើៗថា
  4. - ខ្ញុំម្ចាស់ត្រូវនៅម្នាក់ឯងទៀតហើយឬ?
  5. - កុំខ្លាចអី
  6. - ច៎ាស ខ្ញុំខ្លាចណាស់ ខ្លាចរហូតមិនហាននៅម្នាក់ឯងយ៉ាងនេះ ខ្លាចយក្សបីសាច សត្វសាហាវទាំងពូងចូលមកព្យាបាទធ្វើបាបរូបខ្ញុំ ហើយខ្លាចបាត់ព្រះអង្គទៅ។
  7. គ្រុឌអោបកាកីយ៉ាងណែនក្នុងដៃ ហើយឱនថើបដោយក្ដីស្រលាញ់។
  8. - កុំខ្លាចអីអូន បងការពារអូនបានគ្រប់យ៉ាង ហើយបងចេញទៅក៏មិនយូរឯណា រសៀលព្រះសុរិយាបងនឹងមកវិញមិនខាន។
  9. - ព្រះអង្គជាម្ចាស់បេះដូងរបស់ខ្ញុំ បើគ្មានព្រះអង្គ អោយខ្ញុំរស់នៅម្ដេចបាន បើគ្មានបេះដូង។
  10. - កុំព្រួយបារម្ភខ្លាំងពេកអី បងមានរិទ្ធអំណាចគ្រប់យ៉ាង បងមិនព្រមអោយអូនមានទុក្ខ មានភ័យឡើយ។
  11. - ច៎ាស.. អូនស្រលាញ់បងណាស់ អរគុណច្រើនហើយដែលបានជួបបង។
  12. - បង ក៏ស្រលាញ់អូនដែរ ស្រលាញ់ខ្លាំងទៀតផង អោយតែអូនមានសេចក្ដីសុខ ខ្ញុំសប្បាយចិត្ដណាស់ទៅហើយ។
     គ្រុឌឱនថើបថ្ពល់កាកីម្ខងទៀត រួចថយសន្សឹមៗចេញទៅ។ គ្រុឌសេកមន្ដចងទ្វារប្រាសាទរួចស្រេចបាច់ ទើបហោះចេញទៅរកបេះផលា នុផលក្នុងព្រៃ ទាំងក្ដីអាលោះអាល័យស្នេហ៍ក្រៃលែង។
     គ្រាន់តែគ្រុឌហោះចេញទៅបាត់ភ្លាម គន្ធាន់ ក៏សេកមន្ដ ប្រែក្រលាមកជាមនុស្សធម្មតាវិញភ្លាម កាកីក្រលេកឃើញគន្ធាន់ដឹងច្បាស់ថា នេះពិតជាព្រះមហាក្សត្រប្រើអោយមកតាមរកនាងជាមិនខាន។ កាកីនឹកភ័យក្ដុកក្ដួលក្នុងចិត្ដ រិះគិតរកធ្វើកលមាយាយ៉ាងណា ដើម្បីអោយ គន្ធាន់យល់ថា នាងព្រួយចិត្ដនឹកដល់ព្រះមហាក្សត្រ។ គិតហើយកែវកាកី ក៏និយាយទៅកាន់គន្ធាន់ថា៖
  1. - យឺ ! បងគន្ធាន់ មកពីណា ? មកទីនេះយ៉ាងម៉េច?
  2. - បាទ.. សួស្ដី.. មកយ៉ាងណាមិនសំខាន់ទេ.. ខ្ញុំឃើញថា អ្នកនាងឥតភ្លេចខ្ញុំទេ
  3. - ច៎ាះ.. នេះជាព្រេងសំណាងខ្ញុំអ្វីម៉្លេះ ដែលបានជួបបងគន្ធាន់នៅទីនេះ
  4. - អ្នកនាងសុខប្បាយទេ?
  5. កាកីនិយាយដោយទឹកមុខស្រងោតតបវិញថា
  6. - ច៎ាះ.. តាំងពីខ្ញុំបែកឃ្លាតចាកពីនគរ ខ្ញុំមានសេចក្ដីទុក្ខព្រួយឥតស្រាកស្រាន្ដល្ហែល្ហើយនៅក្នុងចិត្ដទេ។ ឱ..ខ្ញុំសូមនិយាយអំពីទុក្ខធំ ពីរយ៉ាងដែលមនុស្សយើងនេះជួបប្រទះ។ ទុក្ខទី១ គឺទុក្ខព្រាត់គូស្នេហ៍ ហើយទុក្ខទីពីរ គឺទុក្ខព្រាត់ប្រាសពីស្រុកទេស។ ទុក្ខព្រាត់គូស្នេហ៍ មានកំលាំងធំប៉ុណ្ណា ឯទុក្ខព្រាត់ប្រាស់ស្រុកទេស មករស់នៅស្រុកគេ ធ្វើអោយកណ្ដោច កណ្តែងកណ្ដាលវាលវដ្តសង្សារម្នាក់ឯង។ ស្រុកយើងអាក្រក់ ក្រកំសត់ លំបាកវេទនាយ៉ាងណា ក៏ស្រុកយើងជាស្រុកសុខដុមរម្យនា ដែលទាញចិត្ដ ចង់អោយតែទៅ ចង់អោយ តែនៅរហូតអស់ជន្មជីវិត។ ទើបតែថ្ងៃនេះខ្ញុំបានធូរស្រាលក្នុងចិត្ដខ្លះ ព្រោះបានជួបភ័ក្រ្ដបងដែលមកពីព្រះនគរ តើបងមកបានដោយ វិធីណាទៅ? តើព្រះស្វាមីខ្ញុំនឹកខ្ញុំទេ? ព្រះអង្គទ្រង់ប្រើបងអោយមកតាមខ្ញុំឬអី?
  7. គន្ធាន់ស្ដាប់នាងកាកីហើយ ញញឹមក្នុងចិត្ដយ៉ាងជ្រាលជ្រៅ តបទៅវិញថា៖
  8. - ម្ដេចអ្នកនាងមានទុក្ខក្រៀមក្រមធ្វើអី? តាំងពីបាត់ព្រះនាង ពីព្រះរាជដំណាក់ ខ្ញុំខ្វល់ខ្វាយនឹករលឹកអ្នកនាងណាស់ ទើបខំស្វះស្វែង តាមមករកអ្នកនាងដល់ទីនេះ ខ្ញុំបាទបានខំត្រាច់ចរ រកអ្នកនាងដោយចិត្ដនឹករលឹកខ្លួនឯង ពុំមាននរណាម្នាក់បានជ្រាបផងទេ ពេលធ្វើ ដំណើរមក ខ្ញុំបានប្រែក្រលាជាសត្វស្រមើលតូចមួយ ហើយឈ្មុលចូលក្នុងរោមគ្រុឌហោះមក ចំណែកព្រះមហាក្សត្រវិញ ព្រះអង្គមាន ស្រីស្នំជាច្រើនគង់នៅហែហមព្រះអង្គគ្រប់ទិវារាត្រី ព្រះអង្គពុំដែលនឹកនាដល់អ្នកនាងឡើយ តែចំពោះខ្ញុំវិញ ខ្ញុំនឹកអាណិតភ័យព្រួយពី អ្នកនាងគ្រប់ដង្ហើញចេញចេញចូល ឥឡូវបានជួបនឹងនាង ប្រាកដជាភ័ព្ទព្រេងវាសនាខ្ញុំហើយមើលទៅ។
  9. ស្ដាប់គន្ធាន់និយាយ កាកីបានលួចញញឹមក្នុងមាត់ យល់អំពីបំណងប៉ងប្រាថ្នារបស់គន្ធាន់ មកលើរូបនាងយ៉ាងច្បាស់ នាងបែរមុខ ចេញ សំដែងការស្មោះត្រង់ចំពោះព្រះមហាក្សត្រឆ្លើយតបវិញថា៖
  10. - នេះពិតជាល្អខ្លាំងណាស់ ដែលនាំអោយបងមកដល់ទីនេះ បងអាចនាំដំណឹងនេះទៅទូលព្រះមហាក្សត្រ ហើយព្រះពិតជាសព្វរាជ ហរិទ័យ ត្រាស់បញ្ជាអោយគេនាំខ្ញុំត្រលប់ទៅនគរពារាណសីវិញមិនខាន ហើយព្រះអង្គនឹងតបស្នងសងគុណជារង្វាន់ ដល់បងយ៉ាង ពេញចិត្ដជាមិនខាន។
  11. - ខ្ញុំខំស្កាត់ពីនាយខំស្វះស្វែងរកអ្នកនាង ដោយហ៊ានបូជាជីវិតស្លាប់រស់ ដើម្បីបានជួបនាង បានជួបហើយម្ដេចក៏អ្នកនាងគ្មានទទួល ការលើកទឹកចិត្ដ ដល់ខ្ញុំដ៏តិចតួចដូច្នេះ? ហើយបែរជាចង់អោយព្រះមហាក្សត្រ តបស្នងសងគុណជំនួសទៅវិញ ព្រះមហាក្សត្រ ព្រះអង្គ ពុំបានដឹងអំពីការខំស្វះស្វែងរបស់ខ្ញុំនេះឯណា។
  12. កាកីផ្ទុះសំនើចតបវិញថា៖
  13. - តើខ្ញុំមានអ្វីថ្លៃថ្លាទៅ សំរាប់តបស្នងសងគុណអោយបងនោះ។
  14. - មាន ពិតជាមាន។
  15. - អ្វីទៅបងគន្ធាន់ នៅទីនេះ ប្អូនគ្មានទ្រព្យសម្បត្ដិមាសប្រាក់អ្វីទេ មានតែសំបកខ្លួនប៉ុណ្ណោះ។
  16. - រឿងទ្រព្យសម្បត្ដិនោះ ខ្ញុំមានគ្រប់គ្រាន់ហើយ មិនមានប៉ងប្រាថ្នាទេ​ ចង់បានអ្វីៗ ដែលអ្នកនាងមានហ្នឹងហើយ។
  17. - តើអ្វីទៅដែលបងប៉ងប្រាថ្នានោះ? ។
  18. - គឺខ្លួនប្អូនហ្នឹងហើយ ម្ដេចប្អូននៅឆ្ងល់មិនយល់ចិត្ដខ្ញុំយ៉ាងនេះ ខ្ញុំស្រលាញ់អូនយូរមកហើយ។
  19. - មិនបានទេបង ប្អូនមានប្ដីហើយ ហើយប្អូនមិនអាចក្បត់ចិត្ដព្រះមហាក្សត្របានទេ ។
  20. គន្ធាន់ឈរអោបចង្កេះនាងពីក្រោយ ឱនមុខមកទទន្ទឹមនឹងនាង។
  21. - រឿងនេះខ្ញុំមិនប្រកាន់អ្វីទេ ខ្ញុំដឹងថា ប្អូនមានប្ដីហើយមែន តែថ្ងៃនេះខ្ញុំសូមចិត្ដអូន សូមនិយាយនឹងអូនអោយអស់ទៅចុះគឺខ្ញុំសូម ដណ្ដឹងអូនជាភរិយាស្មោះស្ម័គ្រ ដើម្បីរក្សាអូនតរៀងទៅ។
  22. - សូមបងកុំស្រលាញ់ខ្ញុំអី ខ្ញុំជាមនុស្សអភ័ពណាស់។
  23. - វាសនាមនុស្សមើលមិនឃើញទេ។ តែទោះអភ័ព្វយ៉ាងណាក៏ខ្ញុំសុខចិត្ដលំបាកវេទនារងគ្រោះជាមួយដែរ។
  24. - ខ្ញុំមិនចង់បានប្ដីទៀតទេ សូមអាណិតខ្ញុំផងទៅ ម្យ៉ាងមួយវិញទៀព្រះមហាក្សត្រអាចនឹងយកទោសបង។
     កាកីចេះតែប្រកែក តែនាងបណ្ដោយខ្លួនអោយគន្ធាន់នែបនិត្យកៀកកិតអោបរិតឥតរើបំរះឡើយ ធ្វើគន្ធាន់រិតកើតចិត្ដប្រតិព័ទ្ធយ៉ាងក្រៃ លែង គន្ធាន់ លូកវាវបបោសអង្អែលថើបញក់ញីសព្វអង្គកាយនាងកាកី។ អណ្ដាតភ្លើងតណ្ហាចាប់ឆេះរិមៗ ដុតកំដៅខ្លួនកែវកាកីអោយរំពើត រំពើនទៅតាមចង្វាក់ស្នេហាដ៏ផ្អែមត្រជាក់។ គន្ធាន់ រុញច្រមុះទៅថើបផែនថ្ពល់នាងជាថ្មី រួចទំលាក់ដៃវាវស្ទាបអង្អែលទ្រូងនាងដែលងពើង ណែនក្ដន់ហាក់កំពុងរង់ចាំ។ នាងហាក់គាំងនៅស្ងៀមឈឹង បិទភ្នែកព្រិមៗ ស្រែកថ្ងូតិចៗយ៉ាងរាយមាយ​។ អារម្មណ៍នាងហាក់អណ្ដែតទៅ ក្នុងលំហរមេឃ លំអរដោយផ្ទាំងពពកស្រកានាគ នារដូវរំហើយ។ ភ្លើងតណ្ហាបានឆេះក្ដៅងំដល់កំពូល ដុតកំដៅយានស្នេហា ហោះឆ្លងទៅ កាន់ភពមួយថ្មីផ្សេងទៀត គឺស្ថានសួគ៌ ខ្ពស់ផុតពីស្ថានមនុស្សលោក...។ សែនសុខ សែនសប្បាយ កាកីភ្លេចអស់រលីង ភ្លេចអ្វីៗនៅជិតនាង នៅឆ្ងាយនាង។
     ឱ!..នេះហើយឬ ជិវិតសត្វលោកដែលកើតមកនៅលើផែនដី រមែងមាន កើត ចាស់ ឈឺ ស្លាប់ មានអំពើក្បត់គ្នា ផិតសហាយស្មន់គ្នា ពោល ពាក្យបោកប្រាស់គ្នា ចងអាឃាតព្យាបាតគ្នាគ្មានស្រាកស្រាន្ដ។ ដោយយសារភ្លើង លោភៈ ទោសៈ មោហៈ មនុស្សភ្លេចអស់នូវសច្ចធម៌ សុចរិត ធម៌ រវាងគ្នានឹងគ្នា បណ្ដោយអោយរាគៈ តណ្ហា ចូលមកយាយីជិះជាន់រាងកាយគ្រប់ទិវារាត្រី។
     រសៀលទន់ទេរបន្ដិច គន្ធាន់ឆ្វេងយល់ថា ដល់ពេលក្រុងគ្រុឌវិលត្រលប់ចូលមកប្រាសាទវិញហើយ ទើបចុះពីក្រលាបន្ទំប្រែក្រលាជាសត្វ ស្រមើលដ៏តូចវិញ ដើម្បីកុំអោយស្ដេចគ្រុឌសង្ស័យបាន...។

0 ការពិគ្រោះ:

Post a Comment

Booking.com