Social Icons

រឿងកាកី

រឿងកាកី
និទានឡើងវិញ
តាមព្រះរាជនិពន្ធ ព្រះបាទអង្គឌួង
**********************************************
៥ -ទោសស្នេហា

រសៀលជ្រៀងជ្រេ ព្រះសុរិយា​បន្ទាបខ្លួនគង​ជើងមេឃ​នៅឯមាត់ព្រៃ ពពកពណ៌មាស នៅត្រង់នោះបន្ដិច ត្រង់នេះ​ ចែងចាំងនិងពន្លឺព្រះ សុរិយាហៀបអស់ស្ដង់គត់ ឃើញដូចអណ្ដាតភ្លើងកំពុង​ឆាបឆេះត្រង់នេះម្ដុំ ត្រង់នោះម្ដុំនៅឯ​នាយឆ្ងាយ។ មេឃស្រ​កានាគ សំដែងអំពីទុក្ខ កង្វល់ខ្វល់ខ្វាយ នៅពេលដែលទ្វីប​លោក នឹងត្រូវឆេះកល្ប គឺនៅ​ពេលនោះហើយ ដែលសត្វលោកគ្រប់រូបត្រូវ​រលត់ខន្ធរ​លាយរូប ផុត ចាគ​អស់ទុក្ខទាំងពួង។ នៅក្បែរមាត់ព្រៃ ចៅ​មានពគ្រុឌ ដែលកំពុង​កើតទុក្ខសោកសៅក្រេវក្រោធ ដូច​ភ្លើងអគ្គីឋាននរកដុតឆេះក្នុងឱរា បាន ដើរមកដល់ដើមជ្រៃ ដ៏មានបែកមែកសាខាត្រឈឹងត្រឈៃ ហើយសេកមន្ដប្រែក្រលាជាគ្រុឌវិញ ស្ទុះហោះឆ្លងគិរីបុព្វតាមហាសាគរត្រលប់ ទៅកាន់សិម្ពលីទាំងក្ដីហ្មងសៅក្នុងចិត្ដរកអ្វីប្រៀបពុំបាន។ ទៅដល់ក្រុងសិម្ពលី គ្រុឌបើកទ្វារប្រាសាទ ហើយចូលទៅ កាកីចេញមកទទួលរាក់ អោបកៀក ទៅគង់លើអាសនៈ ដោយក្ដីរីករាយនាងញញឹមនិយាយទៅកាន់គ្រុឌថា៖

- អូនរង់ចាំបងតាំងក្បាលព្រលប់
គ្រុឌសំដែងទឹកមុខមាំ ស្ងៀមមួយសន្ទុះទើបតបថា
- កុំចាំបងអី
- យប់នេះព្រះចន្ទស្អាតខ្លាំងណាស់។
- ជីវិតមនុស្សដូចព្រះអាទិត្យអញ្ចឹង ថ្ងៃនេះលិច ស្អែកក៏រះឡើងវិញ
- ព្រះពរ អូនបិទភ្នែកអោយលក់ តែមិនលក់សោះសូម្បីមួយនាទី។
- ហេតុអ្វីក៏មិនលក់
- ខ្ញុំម្ចាស់ខ្លាច
- ខ្លាចអ្វីទៅ
- ខ្លាចម្ចាស់បង ឃើញអ្នកផ្សេងល្អជាងអូន ស្រលាញ់អ្នកផ្សេងខ្លាំងជាងខ្ញុំម្ចាស់
គ្រុឌខាំធ្មេញ នឹកខ្នាញ់សំដីមាយារបស់កាកីជាខ្លាំង សង្កត់ចិត្ដនិយាយដោយស្រួលបន្ដទៀតថា
- ថ្ងៃនេះបងចុករោយពេញទាំងខ្លួនហើយ ច្របាច់អោយបាងបានទេ?
- បានព្រះពរ
- បន្ដោងពេជ្រមួយនេះស្អាតដល់ហើយ។ គ្រុឌពោលដោយយកដៃអង្អែលបន្ដោងពេជ្រនៅលើ កកាកី។
- ម្ចាស់បងប្រទានអោយខ្ញុំម្ចាស់ តាំងពីថ្ងៃមកដល់នោះអី តែខ្ញុំម្ចាស់នៅតែរង់ចាំ ថាម្ចាស់បង នឹង ធ្វើអ្វីអោយខ្ញុំម្ចាស់​​ទៀត ខ្ញុំម្ចាស់ កំពុងតែរង់ចាំ។
- ២២រាត្រីហើយ តាំងពីអូនមកនៅទីនេះ អូនមិនបានជួបនែបនិតនឹងនរណាម្នាក់ទេឬអី?
កាកីធ្លាក់ទឹកមុខ ស្រៀវក្នុងពោះខ្ញាកៗ ធ្វើជាញញឹមឆ្លើយតបវិញថា៖
- ព្រះពរ!.. អត់ទេ!..
- កុហក..។ គ្រុឌគំហកយ៉ាងតានតឹង។
- ម៉េចព្រះអង្គសួរខ្ញុំម្ចាស់ដូចនេះ តើមាននរណាអាចទំលាយទ្វារប្រាសាទចូលមកបាន ពេលព្រះអង្គមិននៅ ខ្ញុំម្ចាស់នៅម្នាក់ឯង មិន ដែលឃើញមាននរណាចូលមកទេ។
- កុហក កុហកខ្លាំងណាស់ ស្រីថោកទាបមែន...
- ព្រះអង្គនិយាយពីរឿងអ្វី?
- នាងបានធ្វើអ្វីខ្លះជាមួយអ្នកណា ពេលយើងមិននៅនោះ ដឹងខ្លួនឯងហើយ យើងស្រលាញ់ថ្នាក់ថ្នមនាងអស់ពីចិត្ដអស់ពីកាយ មិន ដែលនឹកគិតថា នាងមានចិត្ដក្បត់អប្រិយទុរយស្ស ស្រេកឃ្លានប្រុស ឃ្លានរហូតហ៊ានក្បត់ផិត មានសាហាយមិនដែលចេះជិនណាយ ស្កប់ ស្កល់នឹងតណ្ហា ឱ! នាងមានតណ្ហាក្រាស់អ្វីម៉្លេះ ក្រាស់មិនចេះឆ្អែត ។
- អូនមិនដឹងអី អូនមិនដឹងអីទាំងអស់
-ស្រីថោកទាប.. ឯងគង់នៅនឹកស្ដាយគន្ធាន់ណាស់ឬអី..ឯងវង្វេង ឯងអាក្រក់ណាស់ យើងឧស្សាហ៍ស្រលាញ់ ថ្នាក់ថ្នមឯងរហូតមក ខ្មោចកំណាចមួយណា ជំរុញចិត្ដនាងអោយធ្វើរឿងបែបនេះ​ ឯងមិនមែនជាមនុស្សទេ ស្រីគំរក់។
លឺឈ្មោះគន្ធាន់ កាកី ធ្លាក់ថ្លើមក្ដុក ស្លុតស្មារតីញ័រខ្លួនចំប្រប់ តែខំពង្រឹងអារម្មណ៍ ញញឹមទាំងនិយាយថា៖
- នេះខ្ញុំម្ចាស់ចំលែកអ្វីម៉្លេះទេ ព្រះអង្គទៅស្ដាប់លឺរឿងអាស្រូវនេះពីអ្នកណា ហើយជឿជាក់គេ ជាងជឿជាក់លើខ្ញុំម្ចាស់ដូច្នេះ ខ្ញុំម្ចាស់មានចិត្ដ ស្មោះស្ម័គ្រចំពោះព្រះអង្គឥតងាករេ ម្យ៉ាងវិញមួយទៀត ក្រុងសិម្ពលីនេះ នៅឆ្ងាយផុតជើងមេឃ ខ័ណ្ឌដោយមហាសាគរ គិរីបុព្វតា មនុស្ស ឯណាអាចធ្វើដំណើរមកដល់ទីនេះបាន ហើយបើបានមកដល់ហើយ បើទោះជាទែវតា ឥន្រ្ទព្រហ្មឯណា ក៏មិនអាចបើកទ្វារប្រាសាទដែលបិត ចងដោយមន្ដអាគមរបស់ព្រះអង្គបានដែរ។

- អញដឹងអស់ហើយ ស្រីពាលអប្រិយយ៉ាងនាងនេះ គន្ធាន់វាបានច្រៀងដេញចាប៉ី រៀបរាប់ថា វាបានមកដល់ទីនេះ ហើយវាបានរួមរក្ស ស្នេហាយ៉ាងមានសេចក្ដីសុខជាមួយនាងអស់រយៈពេលប្រាំពីរថ្ងៃ វាច្រៀងឌឺដងរៀបរាប់អំពីសេចក្ដីស្នេហាផ្អែមត្រជាក់ដែលវាបាន អោប ប្រលោមប្រលែងជាមួយនាង វាមានសេចក្ដីសុខដ៏សែនសុខ ព្រោះនាងបានសំដែងស្នេហាតបទៅវាវិញយ៉ាងប៉ិនប្រសព្វ នាងជាស្រីចើក ចើកស្រើបស្រាលទៅរកប្រុសមិនឆ្អែតឆ្អន់ ផ្លាស់ប្ដូរប្រុសមួយហើយមួយទៀត មិនដែលជិនណាយ ប្រៀបដូចជាទន្លេជលធីដែលពុំចេះ ពេញដោយទឹក នាងមានរូបល្អ ល្អមែន ល្អតែរូប នាងមានក្លិនក្រអូបពិដោរ ក្រអូបតែក្លិន តែចិត្ដនាងអាក្រក់ណាស់ អាក្រក់ដូចខ្មោចព្រាច បីសាចស្រេកឃ្លានអាហារ តែនាងស្រេកឃ្លានតណ្ហា ចិត្ដនាងស្អុយណាស់ ស្អុយដូចខ្មោចអសុភរលេះរលួយ ស្អុយព្រោះចិត្ដនាងប្រែប្រួល ប្រែប្រួលទៅតាមភ្លើងរាគៈ ឆាបឆេះមិនរលត់ អញឈប់ស្រលាញ់នាងទៀតហើយ ព្រោះនាងស្រលាញ់អ្នកដ៏ទៃ មិនអីទេ ស្រលាញ់ចុះ រួម រក្សនឹងគេចុះ ដើម្បីបំពេញតណ្ហានាង ដែលមិនទាន់គ្រប់គ្រាន់ អញនឹងជូននាងត្រលប់ទៅវិញ ត្រលប់ក្នុងរាត្រីនេះ។

កាកី ខ្សឹលខ្សួលអួលណែនពេញឱរា ទឹកនេត្រាជាច្រើនដំនក់ ប្រណាំងប្រជែងគ្នារត់ចេញពីរង្វង់នេត្រាទាំងគូ ដ៏ស្រទន់របស់នាងឥតឈប់ ឈរ ផែនថ្ពល់ដ៏ក្រពុំរលោងរបស់នាងជោគជំទៅដោយជលនេត្រ កាកីងាកមុខចេញ នាងដឹងថាគ្រុឌអស់ក្ដីមេត្ដាមកលើនាងទៀតហើយ នាង ធ្មេចភ្នែកពោលថា៖

- ហេតុអីព្រះអង្គ មិនយល់ពីអារម្មណ៍របស់ខ្ញុំម្ចាស់ខ្លះផង ព្រះអង្គស្ដាប់ជឿគេតែម្ខាង
ពោលរួចនាងចូលអោបគ្រុឌយ៉ាងទន់ភ្លន់ គ្រុឌប្រលេះដៃនាងបែរមុខចេញ
- ក្នុងខ្សែភ្នែកខ្ញុំ នាងជាស្រីអត់កេរ្ដិ៍ខ្មាស ឆក់អោកាស
នាងគ្រវីក្បាល សំដែងទឹកមុខស្រពោនស្រក់ទឹកភ្នែក សំលឹងបុរសយ៉ាងស្រងោតស្រងាត់។
- ខ្ញុំម្ចាស់ព្រមទទួស្គាល់ថា ខ្ញុំម្ចាស់ឥតកេរ្ដិ៍ខ្មាស ព្រមស្រលាញ់រត់តាមព្រះអង្គមក ហើយព្រះអង្គប្រៀបដូចជាឳពុកព្រះមកប្រោស...
- នែ..ឈប់រៀបរាប់ភ្លាមទៅខ្ញុំទ្រាំស្ដាប់នាងមិនបានទេ។
- ព្រះអង្គបីខ្ញុំរត់មក ពោលថាស្រលាញ់ខ្ញុំម្ចាស់ណាស់ ព្រះអង្គគ្មានសច្ចៈ គ្មានបេះដូង
- កុំនិយាយពីវាទៀតបានទេ.. កាកី ..កាកីដឹងទេថា ខ្ញុំមិនបានខឹងអ្វីឡើយ ខ្ញុំមិនបន្ទោសកាកីបន្ដិចទេ ខ្ញុំទៅវិញទេ ដែលត្រុវសុំទោស នាង ខ្ញុំទៅវិញទេដែលអូសកាកី មកពាក់ពាន់ជាមួយរឿងឆ្កួតៗទាំងអស់នេះ។
កាកីញញឹមទាំងទឹកភ្នែក ត្រសុលក្បាកចូលទៅក្នុងទ្រូងគ្រុឌអាបដោយក្ដីស្រលាញ់។
- ពិតមែនឬម្ចាស់បង!..។ ម្ចាស់បងឈប់ខឹងនឹងខ្ញុំហើយមែនទេ!.. ខ្ញុំសប្បាយចិត្ដណាស់!!..។ ម្ចាស់បងអ្ហា ខ្ញុំសន្យាន៎ះ!.. តទៅនេះខ្ញុំ ម្ចាស់មិនធ្វើអោយម្ចាស់បងខូចចិត្ដ ខ្ញុំម្ចាស់នឹងស្មោះត្រង់ ហើយនឹងមានស្វាមីភក្ដិជាមួយម្ចាស់បងរហូតទៅ។
- កាកីអូន!.. វាមិនចាំបាច់ទៀតទេ។ នេះ.. ខ្ញុំគិតថា ដល់ពេលហើយថាអូនគួតែត្រលប់ទៅនៅផ្ទះ ហើយមានជីវិតជារបស់ខ្លួនឯង។
- ថាម៉េចហ្នឹង ម្ចាស់បង!..។
- អូនមិនគួរនៅក្រុងសម្ពលីនេះទៀតទេ..។ អូនត្រូវត្រលប់ទៅនៅជាមួយព្រះមហាក្សត្រនគរពារាណសីវិញ ខ្ញុំនឹងពរនាងទៅក្នុង រាត្រីនេះ។ អូនមិនត្រូវធ្វើអោយព្រះបាទព្រហ្មទត្ដពិបាកទៀតទេ អូនដឹងទេ!..។
- តែខ្ញុំស្រលាញ់ព្រះអង្គ
- សុំអង្វរចុះកាកីអូន!.. កុំប្រើក្ដីស្រលាញ់មកអាង មកនិយាយបានទេ វាគ្មានពិតប្រាកដស្រាប់ហើយ សុំអោយសំណាងល្អណាអូន! លាសិនហើយ!។
ពោលចប់ គ្រុឌលើកកាកីបី ហោះទៅលើអាកាស ឆ្លងគិរីបុព្វមហាសាគរទៅកាន់នគរពារាណសីភ្លាម។ មកដល់គ្រុឌបានដាក់នាងកាកីចុះ នៅមុខទីលានព្រះបរមរាជវាំង។

ព្រឹកព្រាងព្រះសុរិយារះបញ្ចេញរស្មីយ៉ាងត្រចាស់ត្រចង់ មកលើទ្វីបលោក។ នៅលើដងផ្លូវ យានយន្ដធំៗ ស្រែកគំហ៊ករោទ៍មាស៊ីន ហុយ ផ្សេងខ្មៅ បើកបរចេញទៅយ៉ាងរុះរាន់។ មនុស្សម្នាត្រាច់ចរទៅមក មមែញឹកក្នុងកិច្ចការប្រកបរបរចិញ្ចឹមជីវិតយ៉ាងអ៊ូអរ។ ក្នុងព្រះរមរាជ វាំងព្រះបាទព្រហ្មទត្ដទ្រង់តើន ក្រោកចេញពីក្រលាបន្ទំ ទ្រង់ជំរះព្រះកាយ រួចលាបដោយគ្រឿងគន្ធរសក្រអូបពិដោរ ទ្រង់គ្រឿងអលង្ការ ប្រកបដោយព្រះខ័នរាជ ដ៏ស្រស់សង្ហា រួចទ្រង់យាងទតសួនឧទ្យាន នាព្រឹកព្រលឹមដ៏មានផ្ការីកព្រោងព្រាត ព្រះអង្គទ្រង់យាងពីគុម្ពផ្កាមួយ ទៅគុម្ពមួយ ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយក្នុងព្រះរាជហរិទ័យជាក្រៃពេក។ ព្រះអង្គទ្រង់ទុចងក់ ឈរធ្មឹង ដូចឡានគាំង មាស៊ីន មួយវិនាទីកន្លងផុតទៅ ព្រះអង្គទ្រង់ខ្សឹបក្នុងព្រះរាជហរិទ័យខ្សឹបៗថា កាកី!... កាកី!...។

ក្រលេកឃើញកាកីភ្លាម ព្រះបាទព្រហ្មទត្ដទ្រង់ពិរោធក្រេវក្រោធ ស្ទើរទុបអង្គកាយពុំបាន បុប្ផារីកព្រោងព្រាតទាំងឡាយនៅក្នុងសួន ក្លាយ ជាវត្ថុដ៏អាក្រក់ អាប់អួរស្អុសស្អាប់ជាក្រៃពេក ផ្កាដែលកំពុងរីកក្រពុំ ចំពោះព្រះភក្រ្កព្រះអង្គ ជាផ្កាដែលរីកបង្ហាញចំពោះហ្វូងជុំជន ជាផ្កាសា ធារណៈ នរណាមើលក៏បាន ថើបក៏បាន ដូចផ្កាកនិការ កាកីដែលធ្លាប់តែរីកក្នុងដួងហរិទ័យព្រះអង្គដែរ ដូច្នេះព្រះអង្គមើលឃើញផ្កាដែលកំពុង រីកស្រស់ទាំងអស់ ជាផ្កាសត្រូវ ជាវត្ថុបោកបញ្ឆោត ជាវត្ថុដែលប្រលោមអារម្មណ៍អោយឆ្កួតវង្វេង ព្រះមហាក្សត្រទ្រង់បេះផ្កាមួយទង ហើយមួយទងទៀត មកក្រញិចក្រញី ឈ្លីខ្ចេចខ្ចី រួចក្រវាត់ចោលទៅដីដោយស្អប់ខ្ពើម។

ក្នុងវិនាទីនោះ អារម្មណ៍របស់ព្រះមហាក្សត្រហាក់អណ្ដែតបាត់ទៅឆ្ងាយ ព្រះអង្គនឹកថា អូនកាកីមាសបងអើយ ពេលដែលអូនបានទៅនៅ ឯស្ថានសួគ៌សុខ បងគិតថាអូនបានសុខឈប់ត្រលប់មកវិញហើយ។ បងនឹករលឹកអូនណាស់ មើលផ្លូវ ទន្ទឹងចាំអូនគ្រប់ពេលវេលា។ ឱ!.អូន សំលាញ់អូនមកដល់ហើយឬអី ម្ដេចអូននៅសញ្ជុបសញ្ជឹងម្នាក់ឯងក្នុងសួនយ៉ាងនេះ ឡើងមកលើប្រាសាទមកអូន ឡើងមករកបង បងមាន ប្រុសពីរបីនាក់ទៀតទុក អោយអូនអោបថើបតាមចិត្ដ អូនធ្លាប់ថើមបង ថើបគ្រុឌ ថើបគន្ធាន់ តែនៅមិនទាន់អស់ចិត្ដនៅឡើយ អូនចង់បាន ប៉ុន្មានទៀត បងអោយអូនបាន។

កាកីភ័យញប់ញ័រពេញអស់សព្វអង្គកាយ នេត្រារបស់នាងជោរជនទៅដោយជលនេត្រ ក្នុងខ្លួននាងស្រាលស្មើកធីងធោងស្ទើរគ្មានលំនឹង អារម្មណ៍របស់នាងហាក់គាំងឈប់ដើរ គំនិតរបស់នាងហាក់សុញទុញទល់មិនដឹងគិតយ៉ាងណា ទៅណា ឆ្លើយយ៉ាងណាចំពោះហេតុការផ្ទួនៗ អាក្រក់ៗ ដែលកើតឡើងចំពោះនាងយ៉ាងនេះ ទេ!.. នាងមិនត្រូវចុះចាញ់ទេ នាងហ៊ានប្រព្រឹត្ដនាងត្រូវតែហ៊ានទទួល។ កាកីខំប្រមូលគំនិតជា ថ្មីហើយលុតជង្គង់ លើកដៃប្រណមក្រាបបង្គំចំពោះមុខព្រះមហាក្សត្រ ដែលភ្ញាក់អារម្មណ៍ព្រើតឡើងវិញ៖

- នាងកាកី នាងកាកី នាងត្រលប់មកវិញធ្វើអី ចេញទៅស្រីពស់ពិស ចេញទៅ ចេញទៅ
- ព្រះពរ ខ្ញុំម្ចា....
- ខ្ញុំប្រាប់ម្ដងទៀត ខ្ញុំប្រាប់អោយចេញទៅមិនអញ្ចឹង ស្ដាប់មិនលឺទេឬអី?
ព្រះមហាក្សត្រ ស្រែកបញ្ចា លើកដៃចង្អុលដោយមិនបានងើបមុខមើលកាកីឡើយ។ កាកីដែលក្រាបដូចគល់ឈើមួយដុំ ងើបមុខ ពោលមួយៗបន្ដទៀតថា
ព្រះពរ ខ្ញុំម្ចាស់បានលឺហើយ ហើយនរណាប្រាប់ថាខ្ញុំម្ចាស់មិនទៅនោះ ខ្ញុំម្ចាស់នឹងទៅ គឺលុះត្រាព្រះអង្គស្ដាប់ខ្ញុំម្ចាស់ ហើយបានស្ងប់ សុខក្នុងចិត្ដសិន។ ខ្ញុំម្ចាស់ដឹង ហើយគ្រប់គ្នាក៏ដឹងថាព្រះអង្គខូចចិត្ដរហូដល់កំរិតណា នៅពេល គ្រុឌបានធ្វើអោយមានខ្យល់ព្យុះភ្លៀង ហើយចូលទៅចាប់ខ្ញុំម្ចាស់ពីក្នុងដំណាក់ តើមាននរណាទៅ អាចជួយខ្ញុំម្ចាស់បាន។ ខ្ញុំម្ចាស់ខំរើបំរះ ក្ដិចខ្ញាំ ខាំ ស្រែកជេរដៀលគ្រុឌគ្រប់ បែបយ៉ាង តែគ្រុឌមិនព្រមលែងទេ គ្រុឌឃាំងខ្ញុំម្ចាស់នៅសម្ពលីក្នុងប្រាសាទ ចងទ្វារដោយមន្ដវិជ្ជាការ ខ្ញុំម្ចាស់ជាស្រ្ដីធម្មតាម្នាក់ មាន កំលាំងអ្វី មានរិទ្ធឯណាតទល់នឹងគ្រុឌបាន ខ្ញុំម្ចាស់សច្ចាគិតក្នុងចិត្ដថា សុខចិត្ដក្ស័យជីវិតមិនអោយគ្រុឌមកបៀតបៀនកាយបាន ឡើយ។ ខ្ញុំម្ចាស់ត្រេកអរដូចបានឡើងស្ថានសួគ៌ គិតថាជាសំណាងល្អពេកក្រៃ ព្រោះបានឃើញគន្ធាន់ទៅដល់ក្រុងសិម្ពលី គន្ធាន់ បាននិយាយ ប្រាប់ខ្ញុំម្ចាស់ថា តាំងបាត់រូបខ្ញុំម្ចាស់ទៅ ព្រះអង្គទ្រង់កើតទុក្ខសោកសង្រេងគ្រប់ទិវារាត្រីពុំស្បើយឡើយ ពេលនោះ ខ្ញុំម្ចាស់នឹករលឹក និង រំភើបស្លុតចិត្ដ ញាប់ញ័រអស់អង្គប្រាណ រហូតដួលសន្លប់បាត់ស្មារតី ។
ពាក្យដោះសារបស់កាកី ធ្វើអោយព្រះបាទព្រហ្មទត្ដរិតតែ ឈួលឆេះក្ដៅ នៅក្នុវិយោគជាច្រើនប្រការ៖
យើងជាក្សត្រសោយរាជ្យសម្បត្ដិ គ្រប់គ្រងរាស្រ្ដពេញនរគ យើងមិនខ្វះទេ ស្រីជាចំណីចំលងរាគៈ តណ្ហា យើងចង់បានប៉ុន្មានក៏បាន ល្អដូច ម្ដេចក៏បាន។ កាលអូននៅនឹងបង អូនមានប្រុសតែម្នាក់គឺបង ធ្វើអោយអូនមិនស្កប់ស្កល់។ សូមអូនកុំព្រួយ បងមិនយកទោសពៃអូនទេ។ អូន ទៅចុះ ទៅប្រលោមប្រលែងនឹងប្រុសអោយស្កប់ស្កល់។ អូនចង់ជ្រើសយកមួយណាក៏បាន ពេលណាក៏បាន ទាំងថ្ងៃទាំងយប់ គ្រប់ពេលដែល តណ្ហាអូនចង់ តណ្ហាអូនស្រេកឃ្លាន។ ចំណែកបងសូមលា លាសូមកុំអោយបានជួបប្រទះស្រីផិត ស្រីក្បត់ មិនចេះស្កប់ស្កល់ដូចអូនទៀត។

ព្រះអាទិត្យរះខ្ពស់ផុតចុងព្រឹក្សាទាំងឡាយ ព្រះមហាក្សត្រ ទ្រង់ត្រាស់បញ្ជាអោយ បណ្ដាអាមាត្យរៀបចំពោងពាយបានជាស្រេច ហើយ ទ្រង់បានបញ្ជាអោយគេនាំទៅកាន់កំពង់ ដាក់នាងកាកីជិះ រួចរុញអោយបណ្ដែតចេញទៅ។
ក្បូនពោងពាយរបស់កាកី អន្ដែតទៅតាមខ្យល់សមុទ្រសន្សឹមទៅៗ គ្មានទីទើ គ្មានទីឈប់។ នៅលើពោងពាយកាកីអង្គុយបត់ ដៃប្រណម្យ ថ្វាយបង្គំព្រះ។ នាងយំខ្សឹកខ្សួលអួលអាក់ នឹកស្ដាយគ្រប់បែបគ្រប់យ៉ាង ស្ដាយកេរ្ដិ៍ឈ្មោះ ស្ដាយកិត្ដិយស ស្ដាយតេនសោយនាដែលធ្លាប់ សុខសប្បាយ ស្ដាយតូរ្យតន្ដ្រីដែលធ្លាប់ស្ដាប់ពិរោះ ស្ដាយប្រាង្គប្រាសាទដ៏ល្អប្រណិត មិនគួរកម្មអ្វី មកជិះលើពោងពាយកន្ដាលសមុទ្រ គ្មាន កោះ គ្មានត្រើយ គួរអោយកន្ដោចកន្ដែងក្រៃពេក។

ពោងចេះតែអណ្ដែតទៅ អារម្មណ៍របស់កាកីចេះតែអណ្ដែតទៅដែរ នាងនឹកដល់កាលគ្រាដំបូងដែលនាងបានជួបជាមួយព្រះបាទព្រហ្ម ទត្ដ។ ឱ!..កាលនោះព្រះអង្គទ្រង់ចូលទៅនមស្ការ ចំពោះព្រះឥសី ហើយខ្ញុំមានកំណើតក្នុងផ្កាកនិការ ដែលមានក្លិនក្រអូបលើសអស់ផ្កាផង ទាំងឡាយ ពេលនោះលោកតាអីសីមានចិត្ដសន្ដោសប្រោសប្រណី យកខ្ញុំចេញពីផ្កា ហើយដាក់ឈ្មោះអោយថា «កាកី»។ ព្រះអង្គទ្រង់សព្វ ព្រះរាជហរិទ័យនឹងកាកីខ្ញុំណាស់ តាឥសីក៏ប្រទានខ្ញុំអោយទៅព្រះអង្គ ព្រះអង្គស្រលាញ់ថ្នាក់ថ្នមខ្ញុំណាស់ ខ្ញុំក៏ស្រលាញ់ថ្នាក់ថ្នមព្រះអង្គ ដូច ព្រះអង្គស្រលាញ់ខ្ញុំដែរ។ ព្រះអង្គបាននាំខ្ញុំទៅឯព្រះនគរហើយបានអភិសេកខ្ញុំម្ចាស់ជាមហេសី។ ឱ!.. ឥឡូវម្ដេចព្រះអង្គប្រែប្រួលអស់ ប្រែ ប្រួលគ្មានអាណិតមេត្ដាដល់ខ្ញុំម្ចាស់ជាស្រីឡើយ ព្រះអង្គភ្លេចអស់ហើយ ភ្លេចគ្រាស្រលាញ់ គ្រាថ្នម គ្រារួមរក្សដ៏សែនសុខ ព្រះអង្គភ្លេចទាំង បណ្ដាំលោកតាអីសី ទោះខ្ញុំខុសឆ្គងគួរជូនខ្ញុំត្រលប់ទៅតាឥសីវិញ។

យប់យន្ដកាន់តែជ្រៅ ខ្យល់សមុទ្របក់មកប៉ះរាងកាយធ្វើអោយត្រជាក់រងារជាក្រៃពេក នៅលើមេឃ ហ្វូងតារះព្រោងព្រាតពេញផ្ទៃ អាកាស ដូចជាពន្លឺចង្អៀងអគ្គិសនីកំពុងបំភ្លឺនៃទីក្រុងដ៏ធំធេងមួយ នៅចំកណ្ដាលលំហរអាកាសព្រះចន្ទមួយដួងមូលក្រលង់ បញ្ចេញពន្លឺដ៏ ស្រទន់ បំភ្លឺមកលើផ្ទែមុទ្រដ៏ធំល្វឹងល្វើយអោយស្ថិតក្នុងភាពស្ទុងៗគ្រប់ច្រកល្ហក។ ស្រមោលក្បូនពោងពាយអណ្ដែតសន្សឹមលឿន ឬយឺត ទៅតាមកំលាំងបក់ នៃវាយោសមុទ្រ នៅលើក្បូនកាកីយំខ្សឹកខ្សួល ខ្សោះអស់នេត្រា អារម្មណ៍ហោះហើរចេញទៅបាត់ ទៅប្រលោមរួមរក្ស ស្នេហាយ៉ាងខ្លាំងនឹងព្រះបាទព្រហ្មទត្ដ។ ខ្យល់សមុទ្ទបោកបក់កាន់តែខ្លាំងឡើងៗ ក្បូនពោងពាយ រសាត់ខ្លេងខ្លោងលឿនស្លេវដូចផង់ធូលីត្រូវ ខ្យល់បក់។ ព្យុះសមុទ្របង្កើនល្បឿនកាន់តែខ្លាំង ក្បូនកាន់តែខ្លេងខ្លោង ខ្លេងខ្មោងរហូតរហូតទៅ។

បទចំរៀង «សំណៅកាកី» ច្រៀងដោយ លោកស៊ីន ស៊ីសាមុត អធិរាជសំលេងមាស បានច្រៀងដៀលជេរដល់ស្រីក្បត់ស្រីផិតយ៉ាងជូរ ចត់ ដោយយកឈ្មោះនាងកាកីមកប្រៀបប្រដូចដូច្នេះ ៖

នេះហើយស្រីល្អ សាងធម៌តណ្ហា ដាក់ទានកាយា ត្រូវគេផ្ដន្ទា អោយលាលោកិយ៍ ចិត្ដដែលធ្លាប់ស្មោះ ក៏អស់អាល័យ ទោះទ្វីបលោកចាស់ ថ្មី គ្មានអភ័យឡើយណា។
មានរូបដូចឈ្លូស ឈ្មោះដូចកេងកង ប្ដីហើយស្មន់ផង កាត់ចិត្ដប្រុសក្រងជាភួងមាលា យកព្រះកាមទេព ជាគ្រូអាចារ្យ សំដែងថ្លែងរិទ្ធ ព្រួញផ្កាបាញ់ប្រហារចិត្ដបុរស អោសួនអុទ្យានពូកព្រំ មាសពេជ្រទាំងដុំ ថោកជាងសម្ផស្ស វិមានសួគ៌ គេខ្ពើមរស់វិនាសទៅចុះ កុំអោយចិត្ដ ប្រុសមានពៀរ។
រលត់ភ្លាមទៅសំណៅកាកី សម្បត្ដិអប្រិយ កុំអោយចិត្ដស្រីលោកិយ៍និន្ទា គំរូរក្រខ្វក់ ឈ្លក់នឹងស្នេហា គេខ្ពើមរអើមគ្រប់គ្នាស្លាប់ចុះ មាយាស្រីចិត្ដចើក។
ចប់ដោយបរិបូរណ៌
http://www.khmer-kulturzentrum.ch/Kultur/Literature/Kakei/Kakei05.html

0 ការពិគ្រោះ:

Post a Comment

Booking.com